ថ្ងៃ សុក្រ ទី ៥ ខែ វិច្ឆិកា ឆ្នាំ ២០១០
(រូបថត សារ៉ាយ)
លោកឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង ជួបមន្ដ្រីទូតអាល្លឺម៉ង់នៅទីស្ដីការក្រសួង
រាជធានីភ្នំពេញ ៖ ថ្លែងក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសមជាមួយលោកឧប នាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីព្រឹកថ្ងៃទី៣ វិច្ឆិកា កន្លងទៅនេះ លោក Woefgang MOSER ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសអាល្លឺម៉ង់ប្រចាំកម្ពុជាបានមាន ប្រសាសន៍ថា នាពេលឆាប់ៗខាងមុខនេះ អាល្លឺម៉ង់នឹងមានជើងហោះហើរដោយផ្ទាល់មកកាន់ប្រទេសកម្ពុជា ហើយតាមរយៈនៃជើងហោះហើរដោយផ្ទាល់នោះ លោកសង្ឃឹមថា ភ្ញៀវទេសចរអាល្លឺម៉ង់កាន់តែច្រើនថែមទៀត នឹងមកទស្សនាប្រទេសកម្ពុជា។
លោកបញ្ជាក់ថា មានក្រុមហ៊ុនអាល្លឺម៉ង់ចំនួនពីរដែលគ្រោងនឹងបង្កើតជើងហោះហើរនា ពេលឆាប់ៗខាងមុខនេះ។ ចំពោះបេសកកម្មការទូតនៅកម្ពុជា លោក MOSER បានសន្យាថា នឹងបន្តធ្វើអ្វីៗទាំងអស់ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-អាល្លឺម៉ង់ឱ្យកាន់តែប្រសើរឡើង។ លោកបានសំដែងនូវអំណរគុណផងដែរ ចំពោះប្រទេសកម្ពុជា ដែលបានគាំទ្រប្រទេសអាល្លឺម៉ង់ចូលជាសមាជិកមិនអចិន្ត្រៃយ៍ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសំរាប់ឆ្នាំ២០១១ កាលពីបោះឆ្នោតកន្លងទៅ។ ចំណែកអាល្លឺម៉ង់វិញសន្យាថា នឹងគាំទ្របេក្ខភាពកម្ពុជាចូលជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុម ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងឆ្នាំ២០១៣-២០១៤ ខាងមុខ ដែលការបោះឆ្នោតនឹងប្រព្រឹត្តទៅនាឆ្នាំ២០១២ ចំពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ដែលលោកគិតថា ជាពេលវេលាដ៏ស័ក្តិសមបំផុតសំរាប់កម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានសំដែងនូវការស្វាគមន៍ចំពោះ បេសកកម្មការទូតនៅកម្ពុជារបស់លោក MOSER ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសអាល្លឺម៉ង់។លោកមានប្រសាសន៍ថា កន្លងមកអាល្លឺម៉ង់បានផ្តល់នូវជំនួយឥតសំណងជាច្រើនដល់កម្ពុជាលើ វិស័យជាច្រើនរួមមាន វិស័យដោះមីន សាលាក្តីខ្មែរក្រហម ហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍ជនបទជាដើម។ លោកបញ្ជាក់ថា ហេតុដែលកម្ពុជាចង់ចូលជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ព្រោះកម្ពុជាចង់រំលែកនូវបទពិសោធន៍ជាមួយពិភពលោកអំពីការស្វះ ស្វែងរកការបញ្ចប់សង្គ្រាម បង្កើតនូវសន្តិភាព និងការអភិវឌ្ឍន៍ខណៈពេលដែលកម្ពុជាធ្លាប់រងគ្រោះដោយសង្គ្រាម បំផ្លិចបំផ្លាញអស់ជាច្រើនទសវត្សកន្លងមក។ លោកសង្ឃឹមថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអាល្លឺម៉ង់កាន់តែរឹងមាំ និងរីកចំរើនថែមទៀត តាមរយៈនៃបេសកកម្មការទូតរបស់ឯកអគ្គរដ្ឋទូតថ្មីនេះ ដែលនឹងបន្តគាំទ្រការអភិវឌ្ឍន៍នៅកម្ពុជា៕ ដកស្រង់ពីកោះសន្តិភាព
No comments:
Post a Comment